អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

(ហាណូយ)៖ នៅក្នុងរបាយការណ៍សម្រាប់ព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញ ករណីឆ្លង Covid-19 ថ្មីៗចំនួន ០៨នាក់បន្ថែមទៀត

ដែលបានកើតឡើងនៅមន្ទីរពេទ្យ ០៣កន្លែងសិ្ថតនៅទីក្រុងដាណាង (Da Nang) តែម្ដង និងនាំឲ្យករណីឆ្លងសរុប ក្នុងទីក្រុងទេសចរណ៍នេះ កើនឡើងដល់ ៣០ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA។

ប្រទេសវៀតណាមពេលនេះ កំពុងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ បន្ទាប់ពីករណីឆ្លងថ្មីៗបានកើតឡើង នៅទីក្រុងដាណាង (Da Nang) ដែលជាការឆ្លងសហគមន៏ដំបូងបង្អស់ នៅប្រទេសអាស៊ានមួយនេះ

ចាប់តាំងពីខែមេសាមកម្ល៉េះ ដោយតម្រូវឲ្យជើងហោះហើរទៅ-មកពីទីក្រុងដាណាង ទាំងអស់ត្រូវផ្អាករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃអង្គារម្សិលមិញ ខណៈរថយន្តក្រុង និងខ្សែរថភ្លើងទាំងអស់ ក៏ត្រូវបានផ្អាកមិនឲ្យចេញ-ចូល ទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះដូចគ្នាដែរ។

គួរបញ្ជាក់តាមរដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានស្នើអាជ្ញាធរអាកាសចរណ៍ស៊ីវិល (CAAV) អនុញ្ញាតឲក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើនចំនួនជើងហោះហើរពីក្រុងដាណាង

ទៅកាន់ទីក្រុងចំនួន ១១ ផ្សេងទៀតនៃប្រទេសវៀតណាម ដើម្បីជួយជម្លៀសប្រជាជន ៨០,០០០នាក់ចេញ ដែលជាភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។
ចំពោះករណីឆ្លង COVID-19 ដែលទើបតែត្រូវបានរកឃើញថ្មីៗនេះ

គឺកើតឡើងនៅមន្ទីរពេទ្យចំនួន ០៣កន្លែង សិ្ថតនៅភាគកណ្តាលក្រុងដាណាងតែម្ដង ដែលជាទីក្រុងត្រូវបិទចាប់ពីម៉ោង ១២៖០០នាទីពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា រហូតដល់មានការជូនដំណឹងបន្ថែមទៀត។

ទន្ទឹមនឹងនេះ អ្នកស្រុកភាគច្រើននៃទីក្រុងដាណាង ត្រូវបានណែនាំឲ្យស្នាក់នៅតែក្នុងផ្ទះ ដោយមិនត្រូវមានការជួបជុំមនុស្សច្រើន លើសពីពីរនាក់ឡើយ លើកលែងតែស្ថិតក្នុងករណីចាំបាច់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃពុធនេះ ក្រសួងសុខាភិបាលវៀតណាមបានរកឃើញ ករណីឆ្លងជំងឺ COVID-19 សរុប ៤៤៦ករណី (ពុំមានករណីបាត់បង់ជីវិតឡើយ) ក្នុងនោះ ៨៣ភាគរយនៃអ្នកជំងឺទាំងអស់បានជាសះស្បើយ៕