អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

​ភ្នំពេញ​៖ សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ គ្រោង​តម្រូវឱ្យ​គ្រូ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​តាម​ពណ៌​ប្រចាំថ្ងៃ ទៅ​បង្រៀន​សិស្ស ដើម្បី​បញ្ជ្រាប​ការយល់ដឹង និង​ផ្សព្វផ្សាយ​ពី​សីលធម៌ អត្តសញ្ញាណ​ជាតិ​។​
​នាយក​គ្រប់គ្រង​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ លោក លឹម ឆេង បាន​បញ្ជាក់ថា គម្រោង​ឱ្យ​គ្រូ​ស្លៀកពាក់​ប្រពៃណី​នេះ នឹងត្រូវ​អនុវត្ត​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​ទៅ​។ បើតាម​នាយក​សាលា​រូបនេះ គ្រូបង្រៀន​នឹងត្រូវ​ស្លៀក​ឯកសណ្ឋាន​តាម​ពណ៌​នៃ​ថ្ងៃ​នីមួយៗ ដូចជា ថ្ងៃ​ច័ន្ទ ស្លៀក​ពណ៌​លឿងទុំ​, ថ្ងៃ​អង្គារ ស្លៀក​ពណ៌​ស្វាយ​, ថ្ងៃ​ពុធ ស្លៀក​ពណ៌​ស៊ី​លៀប​, ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ស្លៀក​ពណ៌​បៃតង​, ថ្ងៃ​សុក្រ​ស្លៀក​ពណ៌​ខៀវ​, ថ្ងៃ​សៅរ៍ ស្លៀក​ពណ៌​ព្រីង​ទុំ​។​

​លោក លឹម ឆេង បាន​បញ្ជាក់ថា ការប្ដូរ​ពី​ឯកសណ្ឋាន​ធម្មតា ទៅជា​ស្លៀកពាក់​ឯកសណ្ឋាន​តាម​ពណ៌​ប្រចាំថ្ងៃ​នីមួយៗ​នេះ ក្នុង​គោលបំណង​បញ្ជ្រាប​ចំណេះដឹង​ដល់​សិស្ស ឱ្យបាន​ស្គាល់ និង​យល់​ពី​អត្ថន័យ​ពណ៌​សំលៀកបំពាក់​ខ្មែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​សាលា​រូបនេះ បាន​និយាយថា​៖« ក្មេងៗ​ដែល​ចូលរៀន​ថ្នាក់បឋមសិក្សា​ជា​សិស្ស​ថ្មី ដែល​លោកគ្រូ អ្នកគ្រូ មាន​តួនាទី​ឆ្លាក់​ពួកគាត់​ឱ្យទៅជា​ធនធានមនុស្ស​ដែលមាន​តម្លៃ​ទាំង​ចំណេះដឹង និង​សីលធម៌​នៅ​ថ្ងៃ​អនាគត​។ ដូច្នេះ​រាល់​សកម្មភាព​គ្រប់យ៉ាង​ដែល​លោកគ្រូ អ្នកគ្រូ ធ្វើ​នៅក្នុង​សាលា​ទាំង​ការ​ស្លៀកពាក់ ការបង្ហាត់បង្រៀន ទិដ្ឋភាព​ទាំងអស់​នឹង​ឌិ​ត​ជាប់​ក្នុង​ការគិត​របស់​សិស្ស​ទាំងអស់​»​។​

​បើតាម​លោក លឹម ធេង វប្បធម៌​នៃ​ការ​ស្លៀកពាក់ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អប់រំ​ដល់​សិស្ស ដែល​កំពុង​រៀន​នៅ​ថ្នាក់បឋមសិក្សា ព្រោះ​ពួកគេ​ជា​ក្មេង​ដែល​ងាយ​ទទួលរង​ឥទ្ធិពល​ពី​សង្គម ដូច្នេះ​លោកគ្រូ និង​អ្នកគ្រូ ត្រូវមាន​តួនាទី ធ្វើជា​គំរូ​របស់​សិស្ស​។ « សិស្ស​តូចៗ​ប្រៀបដូចជា​ក្រដាស​ស បើ​លោកគ្រូ អ្នកគ្រូ​យក​អ្វី​ទៅ​គូស​លើ​ក្រដាស​នោះ​នឹង​ជាប់​ដិត​រហូត មិន​ថា​ជា​គំរូ​ល្អ ឬ​អាក្រក់​សិស្ស​នឹង​ដក់​ជាប់​គ្រប់យ៉ាង​ដែល​ពួកគេ​បានឃើញ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក លឹម ឆេង​។​

​ជា​គ្រូ​គ្រប់គ្រង​ផ្នែក​ធនធាន និង​រោង​ជាង​ក្នុង​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ លោក សេក តាំង​រន វ័យ​៣២​ឆ្នាំ គាំទ្រ និង​ពេញចិត្ត ចំពោះ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ថ្មី​ប្រចាំ​សាលា​នេះ​។ លោកគ្រូ​គ្រប់គ្រង​ផ្នែក​ធនធាន​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖ « ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​នាយក​សាលា​មាន​គោលការណ៍​កាត់​សម្លៀកបំពាក់​ក្នុង​ឆ្នាំ​ថ្មី តាម​ពណ៌​នៃ​ថ្ងៃ ដើម្បី​ទុកជា​ឯកសណ្ឋាន​ប្រចាំ​សាលា​។ នេះ​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ថ្ងៃ​ថ្នូរ​នៃ​ការ​ស្លៀកពាក់​ក្នុងនាម​ជា​លោកគ្រូ​-​អ្នកគ្រូ​នៅក្នុង​សាលាបឋមសិក្សា​ខ្ញុំ​ដែរ​»​។​

​មិន​ខុសពី​លោកគ្រូ សេក តាំង​រន ឡើយ អ្នកគ្រូ អាំង​សុ​ផា វ័យ​៤២​ឆ្នាំ ក៏​មើលឃើញ​ផល​វិជ្ជមាន​នៃ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ថ្មី​នេះ​ថា វា​នឹង​ជួយ​ថែរក្សា​ការ​សម្លៀកបំពាក់​តាមបែប​ប្រពៃណី​ទៅកាន់​សិស្ស​ដោយ​ប្រយោល ។ ម្យ៉ាងទៀត​អ្នកគ្រូ ក៏​អាច​ស្លៀកពាក់​ស្អាតៗ​មក​បង្រៀន​សិស្ស​ជា​រៀងរាល់ថ្ងៃ​ដែរ​។ « ខ្ញុំ​ប្រើ​ឯកសណ្ឋាន​ថ្មី​នេះ​រាល់ថ្ងៃ ដូច​ជួយ​បង្ហាញ​វប្បធម៌​ដល់​សិស្ស​ឱ្យ​យល់​ពី​តម្លៃ​នៃ​សិល្បៈ​ប្រពៃណី​នៃ​ការ​ស្លៀកពាក់​តាម​ថ្ងៃ​របស់​ខ្មែរ​បុរាណ​។ ហើយ​ម្យ៉ាងវិញទៀត​ខ្ញុំ​រំភើប ពេល​បាន​ស្លៀកពាក់​សមរម្យ​រាល់ថ្ងៃ ពិសេស​ពេល​មានកូន​សិស្ស​សរសើរ​ថា​ស្អាត »​។ នេះ​ជាស​ម្តី​របស់​អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​៣ នៃ​បឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់​។​

​អ្នកស្រី លំ ភោគី វ័យ​៦២​ឆ្នាំ ដែលមាន​ចៅ​៣​នាក់ កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់​នេះ យល់ថា ការតម្រូវ​ឱ្យ​គ្រូ​ស្លៀកពាក់​ឯកសណ្ឋាន​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ការ​ស្លៀកពាក់ និង​ជួយ​តម្រង់​ចិត្តគំនិត​សិស្ស​តូចៗ​ឱ្យ​យល់ នឹង​ស្គាល់​ការ​ស្លៀក​ពាក់បាន​ត្រឹមត្រូវ​តាមរបៀប​របស់​ខ្មែរ​នៅក្នុង​សង្គម​។​« ក្នុងនាម​ជា​អាណាព្យាបាល​សិស្ស ពួក​ខ្ញុំ​ពិតជា​រីករាយ​នឹង​ឯកសណ្ឋាន​ថ្មី ព្រោះ កូន និង​ចៅៗ​របស់ខ្ញុំ ដែល​រៀន​នៅទីនេះ​នឹង​យល់​ពី​ការ​ស្លៀកពាក់​តាមបែប​ប្រពៃណី​បាន​ខ្លះ »​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី លំ ភោគី​។​

​បច្ចុប្បន្ន​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ បានរៀបចំ​កាត់​ឯកសណ្ឋាន​ពណ៌​ប្រចាំថ្ងៃ​សម្រាប់​គ្រូបង្រៀន​នេះ បាន​ត្រឹម​ពណ៌​លឿង​, ស្វាយ​, ស៊ី​លៀប​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដំណើរការ​នៃ​ការ​កាត់​៣​ពណ៌​ទៀត នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​កញ្ញា​។ ដូច្នេះ​លោកគ្រូ​-​អ្នកគ្រូ នឹង​អាច​ស្លៀកពាក់​ឯកសណ្ឋាន​បាន​គ្រប់​ពណ៌​តាម​ថ្ងៃ​នីមួយៗ នៅ​ដើមខែ​តុលា តាម​ការកំណត់​។ នេះ​បើតាម​លោក លឹម ធេង នាយក​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់​៕ អត្ថបទ៖​ ថ្មីៗ