អរគុណសម្រាប់ការស៊ែរចែកបន្ត
  • 1K
  •  
  •  
  •  
  •  
    1K
    Shares

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធន់​ធ្ងន់​ម្នាក់ ទំនងជា​បែក​ថ្នាំ ក្រោយ​ពី​បុក​រះ​រថយន្ត និង​ម៉ូតូ​ឈប់​កន្លែង​ភ្លើងស្តុប​បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ប្រុស​ម្នាក់ របួសធ្ងន់​មនុស្ស ចាស់​ម្នាក់ ហើយ​បើកទ្វារ​រថយន្ត​បម្រុង​រត់គេច​ខ្លួន​ទាំង​ញញឹម តែ​ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញ ចាប់​បាន​។ ហេតុការណ៍ ដែល​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្លើងស្តុប ស្ថិត​ក្នុងភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ចរាចរណ៍ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​៖ មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ 3A-2364 បើកបរ​ដោយ​ឈ្មោះ ច្រឹ​ក រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ដី ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ​។ បាន​បើ​របរ​ពី​ទិស​ខាង លិចទៅ​កើត ពេល​ម​ដល់​ចំណុច​ភ្លើងស្តុប បាន​បត់​ទៅ​ទិស​ខាងជើង ពេល​ដែល​សញ្ញា​ភ្លើង​ខៀវ ជិត​អស់ នាទី ចូល​មក​ភ្លើង​ក្រហម តែ​រថយន្ត​នេះ​បាន​សំដៅ​បើក​បង្ខំ​ឲ្យ​ផុត​កុំ​ឲ្យ​ភ្លើង​ក្រហម​មក​ទាន់​ក៏​ជ្រុល​ចង្កូត ទៅ​បុក​រថយន្ត​ឆ្លាម​ពណ៌​ខ្មៅ​១​គ្រឿង និង​ម៉ូតូ​ចំនួន​៣​គ្រឿង បណ្តាល​ឲ្យ​របួសធ្ងន់ បន្ទាប់​មក​ស្លាប់​នៅ មន្ទីរពេទ្យ ខណៈ​ពេល​សិស្សសាលា​ម្នាក់​នេះ​ទើប​ចេញពី​សាលារៀន​។

ជន​រង​គ្រោះ​ឈ្មោះ ឡាយ គឹ​ម​កៅ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​មនុស្ស​ចាស់ ម្នាក់​ទៀត​មិ​ស្គាល់​ទាន់​ឈ្មោះ​របួសធ្ងន់ បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន​។ បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​លោត​ចេញពី​ម៉ូតូ​ទាន់​ផុត​ពី​គ្រោះថ្នាក់​ខូច​តែ​ម៉ូតូ និង​ម្ចាស់​រថយន្ត​រង​ការ​ខូចខាត​ដែរ​នោះ​បាន​និយាយ មុន​ពេល​កើត​ពួក​គាត់ និង​ជន​រង​គ្រោះ ផ្សេង​ទៀត​បាន​ឈប់​រង់ចាំ​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​ជន​បង្ក បាន​បើក​យ៉ាង​លឿន​ពី​ទិស​ខាងលិច មក​ដល់​ចំណុច​ភ្លើងស្តុប​បាន​បត់​មក​ខាងឆ្វេង​ដៃ​ទៅ​ទិស​ខាងជើង បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​បុក​រះ​តែ​ម្តង ក្រោយ​បុក​បាន​បើកទ្វារ​រថយន្ត​រត់​ទាំង​សើច​ធ្វើ​ហី​ទំនងជា​មនុស្ស​បែក​ថ្នាំ តែ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់​បាន​។

ចំណែក​ជន​បង្ក​បាន​និយាយ​ថា គេ​បាន​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ឈ្មោះ នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំនួន​៣​ខែ​មក​ហើយ​។ មុន​ពេល​កើតហេតុ គេ​បាន​បើករថយន្ត មក​ពី​ដឹក​ដំឡូង​មី ទៅ​ស្រុក​ម៉ា​ឡៃ ហើយ​ប្រញាប់​ទៅ​ដឹក​ដំឡូង​មី នៅ​ស្រុក​ស្វាយចេក ទៀត តែ​ដោយ​រថយន្ត​គេ​ហ្វ្រាំង​មិន​ស៊ី​ក៏​កើតហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​តែ​ម្តង​។ លោកនាយ​ការិយាល័យ នគរបាល​ចរាចរ ក៏​បាន​បញ្ជាក់​ថា​៖ ចំពោះ​អ្នកបើកបរ​រថយន្ត​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ឈ្មោះ ច្រឹ​ក រតនា កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ វត្ថុ​តាង​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

  • 1K
    Shares