កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃគូស្នេហ៍សំណព្វចិត្តចូលរោងការតាមប្រពៃណីតាំងពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០០៩ មកម្ល៉េះ ហើយបើគិតមកដល់ពេលនេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេល ១២ ឆ្នាំហើយ។
រៀបការក្លាយជាប្ដីប្រពន្ធរាប់សិបឆ្នាំក៏ពិតមែន ប៉ុន្ដែមហាជនអ្នកគាំទ្រមួយចំនួនធំ មិនបានដឹងថាកំពូលតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេបានរៀបការសាងគ្រួសាររួចហើយនោះទេ។
ដោយឡែកស្រាប់តែនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍រយៈពេល ១២ ឆ្នាំ តារាចម្រៀង ឆន សុវណ្ណារាជ ដែលគេស្គាល់ជាមិត្តសម្លាញ់នឹង មាស សុខសោភា បានទម្លាយរូបថតថ្ងៃចូលរោងការរបស់កំពូលតារាចម្រៀងស្រីរូបនេះ ២ សន្លឹកធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។
យ៉ាងណាមិញមុន ឆន សុវណ្ណារាជ ទម្លាយរូបថតមង្គលការរបស់ មាស សុខសោភា និង ស្វាមី ក្នុងនោះគេក៏ឃើញតារាសម្ដែង ញឹម ច័ន្ទថន ក៏បានទម្លាយរូបថតកំពុងសែនចងដៃគូស្វាមីភរិយាមួយគូនេះ ១ សន្លឹកផងដែរ។ ដ្បិតថា មាស សុខសោភា និង ស្វាមី បានរៀបការស្ងាត់ៗតាំងពី ១២ ឆ្នាំមុនក៏ពិតមែន តែងាកទៅអ្នកគាំទ្រ បាននាំគ្នាចូលរួមអបអរសាទរដល់ខួបអាពាហ៍ពិពាហ៍របស់ពួកគេព្រោងព្រាត៕