ខ្មាន់កាំភ្លើងមួយក្រុមបានសម្លាប់ភ្ញៀវចំនួន១៨នាក់នៅក្នុងពិធីមង្គលការមួយនៅរដ្ឋ Kaduna ភាគខាងជើងប្រទេសនីហ្សេរីយ៉ា។
អាជ្ញាធរក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងជិះម៉ូតូបានសម្រុកចូលភូមិ Kukum-Daji ក្នុងស្រុក Kaura កាលពីល្ងាចថ្ងៃអាទិត្យហើយបានបើកការបាញ់ប្រហារទៅលើភ្ញៀវដែលចូលរួម។
លោក Bege Katuka Ayuba ប្រធានរដ្ឋបាលស្រុកបានប្រាប់ AFP ថា “ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន១៨នាក់នៅក្នុងពិធីមង្គលការនិង៣០នាក់ផ្សេងទៀតបានរងរបួសដែលភាគច្រើនជាយុវជន”។
លោកបាននិយាយថា “មនុស្ស១៥នាក់បានស្លាប់នៅនឹងកន្លែងខណៈមនុស្ស៣នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ”។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះទេប៉ុន្តែតំបន់នេះបានក្លាយជាកន្លែងផ្ទុះអំពើហិង្សាដ៏ក្តៅគគុករវាងក្រុមអ្នកគង្វាលឥស្លាម Fulani និងកសិករជនជាតិភាគតិចកាន់សាសនាគ្រិស្ត។
គួរបញ្ជាក់ថា តំបន់ Kaduna ភាគខាងត្បូងដែលមានអ្នកកាន់សាសនាគ្រិស្តភាគច្រើនគឺត្រូវរងគ្រោះដោយជម្លោះដ៏រ៉ាំរ៉ៃរវាងកសិករនិងអ្នកគង្វាលជុំវិញបញ្ហាសិទ្ធិចិញ្ចឹមសត្វនិងទឹក។
មានការផ្ទុះឡើងនៃការសម្លាប់សងសឹកគ្នារវាងក្រុមទាំងពីរនៅក្នុងពេលថ្មីៗនេះដែលជាហេតុជំរុញឲ្យអាជ្ញាធររដ្ឋផ្តួចផ្តើមបទឈប់បាញ់ដែលមិនទទួលបានជោគជ័យ៕ AFP