រាជធានីភ្នំពេញ ៖ លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ បានចេញមកទម្លាយការពិតនូវរឿងកូនស្រីរបស់លោក គឺ វ៉ាន់ នីឡា បានទិញផ្ទះវីឡាដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងពេលដែលតារាកំប្លែងវ័យក្មេងរូបនេះ កំពុងកាក់កបអាជីពសិល្បៈ រួមនឹងជំនួញលក់ផលិតផលតាមអនឡាញ។
លោកតា វ៉ិចទ័រ បានចាត់ទុករឿងរ៉ាវដែលមានការចុះផ្សាយខាងលើនេះ គឺជារឿងមិនពិតឡើយ ត្បិតកូនស្រីរបស់លោកនៅមិនទាន់មានលទ្ធភាពច្រើនទិញផ្ទះដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ដូចការសង្ស័យពីមហាជននោះឡើយ ខណៈពេលដែលគាត់ក៏ហួសចិត្តពេលឃើញព័ត៌មានមួយនេះ។
លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អ្វីដែលមហាជនបានឃើញកូនស្រីលោក នីឡា ថតនៅមុខផ្ទះវីឡានោះ គឺគ្រាន់តែជាការថតស្ពតផ្សាយពាណិជកម្មឲ្យផ្ទះនៅបុរីគេតែប៉ុណ្ណោះ មិនមែន នីឡា ទិញនោះទេ។
លោកបញ្ជាក់ថា អ្នកដែលមិនដឹងរឿង គេច្បាស់ជាយល់ច្រឡំថា នីឡា កូនស្រីរបស់លោកមានលុយសម្បើមណាស់ដែលអាចមានលទ្ធភាពទិញផ្ទះវីឡារាប់ម៉ឺនដុល្លារបែបនេះ ប៉ុន្តែធាតុពិតអ្វីដែលមហាជនបានឃើញនោះ គឺគ្រាន់តែជាការថតស្ពតពាណិជកម្មឲ្យគេតែប៉ុណ្ណោះ សូមកុំមានការយល់ច្រឡំ។