ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅព្រឹកនេះថា អ្នកជំងឺ២ភូមិនៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលមានអាការៈក្ដៅខ្លួន និងចេញក្រហមលើដងខ្លួននោះ គឺបង្កឡើងដោយមេរោគឈីក មិនមែនមេរោគ Covid-19 នោះទេ។
ជំងឺឈីក នេះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថាវាមានប្រភពពីទ្វីបអាហ្វ្រិករកឃើញដំបូងនៅឆ្នាំ១៩៥៣ ហើយវាចម្លងដោយមេរោគមូសខ្លាញី។ កម្ពុជាធ្លាប់រកឃើញមេរោគនេះដែរ នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១។ ហើយវាក៏ធ្លាប់ចម្លងខ្លាំងផងដែរ ដែលបានកើតឡើងជាច្រើនខេត្តក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅនោះ។
ការរកឃើញមេរោគថ្មីនេះដែរ ក្រសួងបានប្រកាសថា អាចជាបញ្ហាសុខភាពសាធារណៈមួយទៀត ដែលប្រឈមទៅនិងហានិភ័យអាចឱ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ពីគ្រួសារមួយទៅគ្រួសារមួយទៀត និងពីភូមិមួយទៅភូមិមួយទៀតបាន តាមរយៈមូសខ្លាញីខាំ ដែលចល័តពីកន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរផ្សេងៗ។ ជំងឺនេះ អាចកើតឡើងលើមនុស្សគ្រប់វ័យទាំងអស់ ទាំងក្មេង ទាំងចាស់។ វាចម្លងតាមមូសខ្លាញីខាំ នៅពេលថ្ងៃ៕