ក្រោយពីសម្រាកនៅរដូវកាលចូលឆ្នាំរួចមក ខែឧសភានេះគឺជាខែមួយដែលមានពេលវេលាសម្រាកច្រើនជាងគេបំផុតប្រចាំឆ្នាំ។ អ្នកទេចរក្នុងស្រុកទាំងឡាយតែងតែមិនភ្លេចបបួលគ្នារៀបចំគម្រោងដើរលេងនោះទេនៅក្នុងខែនេះ។
សម្រាប់អ្នកដែលដើរលេងក្នុងរយៈពេលច្រើនជាងមួយថ្ងៃច្បាស់ជាត្រូវការទីកន្លែងសម្រាប់ស្នាក់អាស្រ័យខ្វះមិនបាននោះឡើយ ការស្នាក់នៅដោយការបោះតង់ជាជម្រើសមួយដែលពេញនិយមផងដែរ ដោយសារតែវាមានការចំណាយតិច និងអាចបង្កើតអនុស្សាវរីយ៍ជាមួយគ្នាបានច្រើន។
ដើម្បីជាភាពងាយស្រួលសម្រាប់អ្នកទេសចរណ៍ទាំងអស់ ពេលនេះយើងនឹងលើកយកកន្លែងបោះតង់ទាំង៥ដែលមិនគួមើលរំលងសម្រាប់ការដើរលេងរបស់អ្នកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
១.កោះឋានសួគ៌ ឆ្នេរភ្លោះ ខេត្តព្រះសីហនុ
ស្ថិតនៅចំតំបន់ឆ្នេរយ៉ាងស្រស់ស្អាតនៃខេត្តព្រះសីហនុ កោះឋានសួគ៌ ឆ្នេរភ្លោះ ជារីសតមួយដ៏ល្អប្រណិត ប្រកបដោយទេសភាពដ៏ស្រស់បំព្រងនិង ខ្យល់អាកាសល្អបរិសុទ្ធ ស័ក្ដិសមបំផុត សម្រាប់អ្នកចូលចិត្តការសម្រាកលំហែ និង ភាពស្ងប់ស្ងាត់ ។
សម្រាវប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅកោះឋានសួគ៌ហើយ នឹងទទួលបាននូវអារម្មណ៍មួយដ៏ពិសេសប្លែកបំផុតជាមួយទឹកសមុទ្រពណ៌ស្អាតខ្លាំងដូចផ្ទៃមេឃ និងឆ្នេរខ្សាច់ដែលមានពណ៌សដូចសំឡី ។
អ្វីដែលរឹតតែពិសេស និងទាក់ទាញថែមទៀតនោះ គឺកោះឋានសួគ៌ឆ្នេរភ្លោះ មានព្រៃដូងរាប់ម៉ឺនដើមដែលដាំជាជួរៗតំរៀបគ្នាដូចមនុស្សកំពុងតម្រង់ជួរ អ្នកក៏អាចជិះទូកទស្សនាមច្ឆាសមុទ្រ ផ្កាថ្ម មានដងព្រែកទឹករាក់ឆ្លុះឃើញត្រីហែលជាក្រុមៗ និងព្រៃភ្នំធម្មជាតិដ៏ត្រកាល ។ ក្រៅពីនេះកោះឋានសួគ៌ក៏មានតង់ធំតម្លៃ ៨០ ដុល្លារ គេងបាន ៦ នាក់ និង តម្លៃ ២៥ ដុល្លារគេងបានគ្នា ២ នាក់ ។ ដូច្នេះនេះជាកន្លែងមួយដ៏ល្អសម្រាប់ការដើរលេងរបស់អ្នក។
២.សាហ្វារី ខេត្តកំពត
សម្រាប់ការបោះតង់នៅកំពតវិញអ្នកអាចជ្រើសរើសសាហ្វារីបាន។ សាហ្វារី ជាទីតាំងមួយដែលកំពុងត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទេសចរណ៍ ដែលចូលមកកាន់ខេត្តកំពត។ នៅសាហ្វារីលោកអ្នកអាចរីករាយជាមួយការកំសាន្តយ៉ាងសប្បាយចិត្តជាមួយខ្យល់យ៉ាងត្រជាក់ និងការកំសាន្តបែបរ៉ូមែនទិចជាមួយគូស្នេហ៍ គ្រួសារ និង មិត្តភក្តិ។អ្វីដែលពិសេសសាហ្វារីក៏មានទទួលរៀបចំតង់សម្រាប់ជួលក្នុងតម្លៃ ៣៥ ដុល្លាអាមេរិចសម្រាប់មនុស្ស ២ នាក់អាចគេងបានយ៉ាងស្រួល។ លើសពីនេះតង់ដែលដាក់ឲ្យជួលនៅសាហា្វរីមានលក្ខណៈទំនើប និងប្រកបដោយផាសុខភាពខ្ពស់។
៣.កោះសាមសិប
អ្នកនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប្លែកអារម្មណ៍បំផុត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ថ្មីនៅការការធ្វើដំណើរកំសាន្តរបស់អ្នក។ អ្នកនឹងបានទស្សនាព្រៃលិចទឹកដ៏កម្របំផុតនៅកម្ពុជា ទស្សនាសត្វស្លាបប្រមាណ ២១៨ ប្រភេទ ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ដំណើរកម្សាន្តជិះទូកគយគន់ព្រៃលិចទឹក និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាត ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច ការនេសាទត្រីបែបប្រពៃណីអ្នកស្រុក ការងូតទឹកលេងកម្សាន្តជាដើម ដែលទាំងអស់នេះជាអ្វីដែលមាននៅក្នុងកោះសាមសិប។ សម្រាប់ការបោះតង់វិញគឺការស្នាក់នៅក្នុងតង់ម្នាក់ ៥ ដុល្លារទាំងខ្មែរ និង បរទេស។ ចំណែកអាហារវិញ ព្រឹក ២ ដុល្លារ ថ្ងៃ និង ល្ងាច ៣ ដុល្លារ សម្រាប់ភ្ញៀវខ្មែរ និង ព្រឹក ២ ដុល្លារ ថ្ងៃ និង ល្ងាច ៤ ដុល្លារសម្រាប់ភ្ញៀវបរទេស ។ចឹងចាំដល់ណាទៀត។
៤.ក្ដាតឡាតង់
ក្ដាតឡាតង់ មានទីតាំងឋិតនៅផ្លូវជាតិលេខ៣ ចន្លោះកំពត-កំពង់សោម ឃុំព្រែកត្នោតស្រុកទឹកឈូ ជាប់មាត់សមុទ្រស័ក្ដិសមជា ទីកន្លែងបោះជំរំ ចាក់បង្គា ស្រូបខ្យល់អាកាសបន្ធូរអារម្មណ៍ ព្រមទាំងអាចគយគន់ភ្នំបូកគោ និងកោះត្រល់ដ៏ធំល្វឹងល្វើយ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។នៅពេលយប់ អ្នកអាចជួបជុំគ្នាជុំវិញភ្នក់ភ្លើង និងបង្កើតភាពសប្បាយរីករាយជាមួយនឹងបរិយាកាសដ៏អស្ចារ្យនេះផងដែរ។ទីកន្លែងនេះមិនត្រឹមតែជាកន្លែងផ្ដល់ភាពសប្បាយរីករាយនោះទេ តែក៏ជាកន្លែងផ្ដល់ចំណេះដឹងដល់ក្មេងៗតូចៗដែលចង់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃទៀតផង។
៥.ត្រាវកុដ្ឋ
កន្លែងនេះមិនមែនជាកន្លែងបោះតង់នៅតាមឆ្នេរសមុទ្រនោះទេ។ ត្រាវកុដ្ឋគឺជាកន្លែងទេសចរណ៍ធម្មជាតិ និងកែច្នៃមួយកន្លែងដែលមានទីតាំងនៅក្នុងដែនដីអង្គរខេត្តសៀមរាប។ សម្រាប់អ្នកដែរចូលចិត្តការបោះតង់របៀប Picnic និង ធម្មជាតិនៅមាត់បឹងអាចមកត្រាវកុដ្ឋបាន ដែលមានទំហំទៅ៦៥ ហិតា ហើយជាប្រភពទឹកហូរចេញពីភ្នំគូលេន នៅក្នុងខេត្តសៀមរាប។ សម្រាប់ការជួលសេវាកម្មស្នាក់នៅដោយបោះតង់នៅទីនេះអ្នកនឹងទទួលបានអាហារពេលព្រឹក ថ្ងៃត្រង់ និងអាហារពេលល្ងាចបែបBBQផងដែរ។ មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានតង់ធំដ៏ស្រស់ស្អាតមួយជាមួយនឹងសម្ភារៈគេងគ្រប់គ្រាន់ដែលបានរៀបចំរួចជាស្រេចផងដែរ។