អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

រដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសវៀតណាមកំពុងជម្លៀសប្រជាជន៨០,០០០នាក់ដែលភាគច្រើនជាភ្ញៀវទេសចរចេញពីតំបន់ទេសចរណ៍ Danang បន្ទាប់ពីពលរដ្ឋចំនួន៣នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីចុងសប្តាហ៍។

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានប្រកាសអាសន្នជាថ្មីបន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងក្នុងសហគមន៍ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីខែមេសាមកនិង៣ករណីទៀតកាលពីថ្ងៃអាទិត្យនៅក្នុងឬជុំវិញទីក្រុង Danag។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជម្លៀសនេះនឹងចំណាយពេលយ៉ាងតិចបួនថ្ងៃដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រូវប្រតិបត្តិការប្រមាណ១០០ជើងហោះហើរជារៀងរាល់ថ្ងៃចេញពីទីក្រុង Danang ទៅទីក្រុងចំនួន១១របស់ប្រទេសវៀតណាម។

ប្រទេសវៀតណាមបានដាក់ចេញនូវវិធានការចត្តាឡីស័កដ៏តឹងរ៉ឹងនិងបានអនុវត្តកម្មវិធីធ្វើតេស្តយ៉ាងទូលំទូលាយក្នុងអំឡុងពេលមានជំងឺរាតត្បាតដោយរក្សាចំនួននៃការឆ្លងសរុបត្រឹម៤២០នាក់ហើយមិនមានអ្នកស្លាប់ឡើយ។

ប្រទេសវៀតណាមនៅតែត្រូវបានបិទចំពោះទេសចរណ៍បរទេសប៉ុន្តែមានការកើនឡើងនៃអ្នកដំណើរក្នុងស្រុកព្រោះពួកគេរីករាយនឹងជើងហោះហើរដែលមានការបញ្ចុះតម្លៃនិងកញ្ចប់វិស្សមកាលទៅកាន់សណ្ឋាគារនិងរមណីយដ្ឋានក្នុងស្រុក។

ក្រសួងសុខាភិបាលបាននិយាយថា អ្នកដែលវិលត្រឡប់មកទីក្រុង Danang ពីតំបន់ផ្សេងៗទៀតនៃប្រទេសនឹងតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃ។

ក្រោយការរកឃើញករណីថ្មីៗ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាឲ្យប៉ូលិសបង្កើនការបង្ក្រាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលប្រទេសនេះ៕