ធ្លាប់ឆ្លងកាត់ពាក្យគេតិះដៀលជាច្រើនរាប់ឡើងភ្លេច តែជីវិតរបស់ស្ត្រីសម្បុរខ្មៅព្រិចរូបនេះមិនធ្លាក់ចុះដុនដាបនោះឡើយ។ ផ្ទុយទៅវិញ Nyakim Gatwech បានកសាងកេរ្តិ៍ឈ្មោះល្បីសុះសាយពាសពេញពិភពលោក ហើយទទួលរហស្សនាមថាជា “រាជិនីស្បែកខ្មៅ” របស់ប្រទេសស៊ូដង់ថែមទៀតផង។
បើនិយាយពីរឿងលុយកាក់វិញ នាងបច្ចុប្បន្នសល់ទ្រព្យសម្បត្តិសរុបប្រមាណជា ៤លានដុល្លារឯណោះ ដោយការងារចម្បងៗធ្វើជាទូតសុឆន្ទៈឲ្យក្រុមហ៊ុនធំៗជាច្រើនដូចជាផលិតផលនារី Fashion Nova ជាដើម។
Nyakim បានរៀបរាប់ពីទុក្ខសោកជាច្រើនពីអតីតកាល ដែលនាងធ្លាប់ត្រូវគេមើលងាយ ហើយសូម្បីតែប្រឡូកចូលការងារគ្រាដំបូងៗ អ្នកថតរូបបានព្យាយាមដំឡើងពណ៌សាច់ឲ្យនាងថែមទៀតផង ប៉ុន្តែត្រូវនាងបដិសេធដោយនាងចង់រក្សាសម្រស់ដើមពីធម្មជាតិគ្មានការផ្លាស់ប្ដូរឡើយ។
បន្ថែមពីនេះ មានពេលមួយ នាងត្រូវអ្នករត់តាក់ស៊ីសួរបែបលេងសើចថា ចង់ប្ដូរពណ៌ស្បែកឲ្យសឬទេ បើគេឲ្យលុយនាង១ម៉ឺនដុល្លារ? Nyakim ឆ្លើយទៅវិញថា “ទេ” នាងមិនចង់បានស្បែកសអីនោះទេ ហើយការដែលមានស្បែកខ្មៅជាងគេជាងឯងនេះគឺជាការប្រទានពរពីព្រះទៅវិញទេសម្រាប់ជីវិតនាង។
សព្វថ្ងៃ Nyakim តែងនិយាយលើកទឹកចិត្តជាហូរហែទៅកាន់ក្មេងស្រីៗ ជាពិសេសចំពោះអ្នកដែលមានសម្បុរខ្មៅ។ មួយក្នុងចំណោមឃ្លាល្បីល្បាញរបស់ Nyakim គឺ៖ “ខ្មៅគឺអង់អាច ខ្មៅគឺស្រស់ស្អាត ខ្មៅគឺមាស… កុំឲ្យស្តង់ដារអាមេរិកបំផ្លាញដួងព្រលឹងអាហ្វ្រិករបស់អ្នក”៕ប្រភព៖ kleykley.sabay