ប្រទេសលីបង់ បានរកឃើញអ្នកឆ្លងកូវីដ ១៩ មានការកើនឡើងគួរឲ្យភ្ញាក់ផ្អើល ក្រោយឧបទ្ទវហេតុផ្ទុះសារធាតុគីមីដ៏រន្ធត់នៅទីក្រុងបេរូតកាលពីថ្ងៃទី ៤ សីហាកន្លងទៅដែលបណ្តាលឲ្យមានអ្នកស្លាប់សរុប ១៧១ នាក់ រងរបួសជាង ៦ ពាន់នាក់ និងបាត់បង់ផ្ទះសម្បែងរាប់សែននាក់។
បើតាមការរាយការណ៍របស់ក្រសួងសុខាភិបាលលីបង់ ត្រឹម២៤ ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងកូវីដ ១៩ ថ្មីកើនដល់ ៣០៩នាក់ និងស្លាប់ ៧នាក់។ តួលេខនេះ ធ្វើឲ្យមានអ្នកឆ្លងសរុប ៧ ១២១ នាក់ និងស្លាប់ ៨៧នាក់។
ចំនួនឆ្លងនេះកើនឡើងតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ពោលគឺក្រោយហេតុការណ៍ផ្ទុះសារធាតុគីមីនៅទីក្រុងបេរូតដ៏សាហាវប្រៀបដូចបរមាណូកាលពីថ្មីៗនេះ។
អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថាហេតុការណ៍ផ្ទុះសារធាតុគីមីនេះ ជាកត្តាលីករមួយជំរុញឲ្យការរាតត្បាតនៃកូវីដ ១៩ កើនឡើង ពោលគឺដោយសារមន្ទីរពេទ្យជាច្រើនបានរងការខូចខាតដោយសារហេតុការណ៍ផ្ទុះ ហើយខ្លះពុំមានឧបករណ៍និងកម្លាំងគ្រប់គ្រាន់សម្រាប់តេស្តវីរុស ដោយសារតែមានអ្នករងរបួសដោយការផ្ទុះសារធាតុគីមីនោះច្រើនលើសលប់ដល់ទៅជាង ៦ ពាន់នាក់បូករួមទាំងអ្នកឆ្លងកូវីដ ១៩ បន្ថែមទៀត៕
វីដេអូខាងក្រោម៖