ខេត្តមណ្ឌលគីរី៖ កម្លាំងសមត្ថកិច្ចខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កំពុងសហការគ្នា តាមចាប់ជនដៃដល់បាញ់សម្លា ប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងព្រៃមួយកន្លែង។
បើតាមសេចក្ដីរាយការណ៍ បានបឋម បានឲ្យដឹងថា សមត្ថកិច្ច បានបញ្ជាក់ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី០៤ ខែមករាថា ជនដៃដល់បានបើករថយន្តធ្វើដំណើរតាមដងផ្លូវ នៅក្នុងខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តរតនគីរី ហើយពេលគេចូលដល់ខេត្តមណ្ឌលគីរី នាវេលាម៉ោងប្រមាណ៨យប់ ហើយជាប់បារ៉ាស់ ត្រឹមស្រុកកោះញែក។ ប៉ុន្ដែនៅពេលនោះជនសង្ស័យបានបើករថយន្តបំបុកបារ៉ាស់សមត្ថកិច្ច រួចហើយរត់គេចចូលព្រៃ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រហូតមកដល់ពេល កម្លាំងចម្រុះកំពុងឡោមព័ទ្ធព្រៃ នៅស្រុកកោះញែក ឆែកឆេរគ្រប់តំបន់ ដើម្បីស្វែងរកជនសង្ស័យ។ ទោះជាយ៉ាងណា ជនល្មើសមិនទាន់ចាប់ខ្លួនបាននៅឡើយដែរ។
សូមជម្រាបថា បក្ខពួកខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោម០២នាក់ ដែលបានបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់យ៉ាងឃោរឃៅ កាលពីសប្ដាហ៍មុន នៅរាជធានីភ្នំពេញនោះ រហូតមកដល់ពេលនេះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ
និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣ និង២២រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ខណៈជននេះកំពុងសំងំលាក់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្បែរផ្នូរខ្មោច ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង៕ប្រភព KBN