ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែខឹងប្រពន្ធមិនដែលនៅផ្ទះ ដើរនៅតែផ្ទះគេពេក ខឹងដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់ ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបុរសជាប្តីនៅវេលាម៉ោង១២ថ្ងៃទី០៥ មករា ឆ្នាំ២០២១ ស្ថិតភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ា
ឡៃ។
មន្ត្រីអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានប្រាប់ថា បុរសដែលដុតផ្ទះចោលមានឈ្មោះ យ៉ុន យាន អាយុ៤៤ឆ្នាំ (មុខរបបមិនពិតប្រាកដ) រស់នៅភូមិកើតហេតុខាងលើដែលមានប្រពន្ធនិងកូន។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅពេលដែលមានករណីអគ្គិភ័យឆេះផ្ទះខាងលើ កងកម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ ហើយមានស្ត្រីម្នាក់ដែលអះអាងថា ជាម្ចាស់ផ្ទះបានប្តឹងភ្លាមៗថា ឈ្មោះ យ៉ុន យាន (ដែលជាប្តីរបស់ខ្លួន) បានដុតផ្ទះបណ្តាលឆាបឆេះអស់ទាំងស្រុង ។ ផ្ទះជាប្រភេទឈើប្រក់ស័ង្កសី ប្រវែង៨ម៉ែត្រគុណ៦ម៉ែត្រ និងសម្ភារក្នុងផ្ទះឆេះអស់គ្មានសល់ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ភ្លាមៗនោះកម្លាំងនគរបាលបានឃាត់ខ្លួនឈ្មោះ យ៉ុន យាន ដែលធ្វើសកម្មភាពដុតផ្ទះឆេះអស់គ្មានសល់ ។ បុរសជាប្តីរូបនេះ បានប្រើប្រាស់គ្រឿងញៀន អាចបណ្តាលបែកថ្នាំ ហើយខឹងប្រពន្ធផងដុតផ្ទះចោលតែម្តង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយឃាត់បុរសជាប្តីដែលប្រពន្ធចោតដុតផ្ទះចោលហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសាកសួរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះពិតមែន ព្រោះតែខឹងនិងប្រពន្ធមិននៅផ្ទះដើរលេងតែផ្ទៈអ្នកជិតខាង។ អត្ថបទ៖ កោះសន្តិភាព