រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់មានជំងឺជាប់ខ្លួនថែមទៀត មិនដឹងថា កូនចៅនៅទីណានោះទេ ត្រូវបានគេយកមកបោះបង់ចោលនៅតាមចិញ្ចើមផ្លូវរ៉ារថភ្លើងដេករហូតបាត់បង់ជីវិតយ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល កាលពីវេលាម៉ោង8និង30នាទីយប់ ថ្ងៃទី10 ខែមករា ឆ្នាំ2021 តាមបណ្តោយផ្លូវរ៉ារថភ្លើង នៅចំណុចផ្លូវរ៉ារថភ្លើង ក្បែរនឹងវត្តនាគវ័ន្ត ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់មានឈ្មោះជឿន អាយុជាង50ឆ្នាំ មិនដឹងថា ផ្ទះសម្បែងរបស់គាត់នៅទីណា និងស្រុកកំណើតនៅឯណានោះទេ ។
ប្រជាពលរដ្ឋបន្តថា ហើយពេលនោះប្រជាពលរដ្ឋបានឃើញគាត់តាំងពីម៉ោង6ព្រឹក ថ្ងៃទី10 ខែមករាម្ល៉េះ ក្រោយពីមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ មិនចាំស្លាកលេខ បានបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែទម្លាក់បុរសវ័យចំណាស់រូបនេះចោល រួចក៏បើករថយន្តចេញទៅបាត់ស្រមោល។
ពលរដ្ឋបន្តទៀតថា លុះរហូតដល់វេលាម៉ោងថ្ងៃត្រង់ អ្នករស់នៅជិតនឹងកន្លែងកើតហេតុ បានឃើញបុរសវ័យចំណាស់រូបនេះ គាត់អង្គុយនៅមាត់ផ្លូវច្រកចូលរ៉ារថភ្លើងរួចដកដង្ហើមស្ទើរតែបាត់បង់ជីវិតទៅហើយ ទើបប្រជាពលរដ្ឋនៅទីនោះអាណិត ក៏នាំគ្នាយកពូក និងមុងទៅឱ្យគាត់ដេក រួចហើយឱ្យម្ហូបគាត់ហូប និងសួរនាំថា តើផ្ទះនៅឯណា? ចាំជូនគាត់ទៅវិញ? ហើយមានស្គាល់លេខកូនចៅឬអត់? ប៉ុន្តែគាត់និយាយថា «អត់ស្គាល់» ហើយក៏ដេកលក់បាត់ទៅ។
ប្រជាពលរដ្ឋបន្តទៀតថា លុះរហូតដល់ម៉ោង8យប់ ក៏មានអ្នកយកម្ហូបអាហារទៅឲ្យគាត់ហូបទៀត ក៏ស្រាប់តែដាស់គាត់អត់ឃើញឆ្លើយ រួចហើយក៏ស្ទាបមើលដង្ហើមរបស់គាត់ទៅ ក៏អត់មានដកទៀត ទើបទូរស័ព្ទរាយការណ៍ទៅឱ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ឱ្យជួយស្រាវជ្រាវរកសាច់ញាតិ និងរកអត្តសញ្ញាណរបស់ជនរងគ្រោះតែម្តង ។
ក្រោយមកសមត្ថកិច្ចក៏បានបញ្ជាក់ថា ជនរងគ្រោះ គឺគាត់បានបាត់បង់ជីវិតដោយសារតែជំងឺប្រចាំកាយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើលយ៉ាងច្រើន ។
ក្រោយពេលកើតហេតុខាងលើនេះ សពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកចតុមុខ ដឹកយកទៅដំកល់នៅឯវត្តទួលអស់លោក ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ អត្ថបទ៖ កោះសន្តិភាព