ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានការបង្ហោះក្នុងបណ្ដាញសង្គមទាក់ទងនឹងអតីតគ្រូពេទ្យយោធាមួយរូបចិត្តធម៌ព្យាបាលជំងឺយកត្រឹមតែតម្លៃថ្នាំ រហូតដល់ធ្លាក់ខ្លួនក្រខ្លួនឯង និងខ្វះខាតផ្នែកជីវភាព កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ភ្នាក់ងារកោះសន្តិភាពបានចុះទៅជួបសម្ភាសន៍ជាមួយអតីតលោកគ្រូពេទ្យយោធារូបនោះដោយផ្ទាល់ នៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អតីតគ្រូពេទ្យយោធាមួយរូបខាងលើឈ្មោះ សាំង គឹមយ៉ាន អាយុ៧៤ឆ្នាំ បានរៀបរាប់ឲ្យដឹងថា លោកបានជាប់សញ្ញាប័ត្របាក់អងនៅក្នុងសម័យលន់ នល់ បន្ទាប់មកក៏បានប្រឡងចូលអាកាសចរស៊ីវិល និងបានរៀនបន្ថែម៣ឆ្នាំទៀត ព្រមទាំងបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុបបន្ថែមទៀត ពេលកំពុងបំរើការជាមន្ត្រីអាកាសចរណ៍ស៊ីវិល ។ ដោយប្រទេសជាតិធ្លាក់ចូលសង្គ្រាម លោកបានជាប់កាតព្វកិច្ចយោធា១៨ខែ ក្នុងឋានន្តរសក្តិអនុសេនីយ ឯក (សក្តិ១) ។
លោកបានបន្តថា ក្នុងក្របខណ្ឌ័យោធា គាត់ជាគ្រូពេទ្យនៅមន្ទីរពេទ្យព្រះមុនីវង្ស រាជធានីភ្នំពេញ។ កាលណោះ លោកនៅអាគារសង្គ្រោះបន្ទាន់ ដែលមានអ្នករបួសច្រើនណាស់ មួយថ្ងៃៗ ដោយសារការបាញ់គ្នាជាមួយខ្មែរក្រហម បើអ្នកបាត់បង់ជីវិតវិញ មានពី៥ទៅ៦នាក់ ក្នុង១ថ្ងៃៗ។ ក្រោយឆ្នាំ១៩៧៥ ប្រទេសជាតិធ្លាក់ក្នុងរបបសម័យខ្មែរក្រហម លោកក៏បានជម្លាសចេញពីរាជធានីភ្នំពេញទៅនៅខេត្តបាត់ដំបង។
លោកបានបន្តថា លុះក្រោយមកទៀត សម័យរំដោះឆ្នាំ ១៩៧៩ លោកក៏បានមកបំពេញក្នុងក្របខ័ណ្ឌជាពេទ្យយោធាដែលមានទីតាំងនៅជិតស្ថានទូតចិន។ ប៉ុន្តែក្រោយមកលោកមានបំណងទៅប្រទេសទី៣ ទើបនាំគ្រួសារទៅរស់នៅជំរុំរិទ្ឋសែន នៅទីនោះដោយសារលោកមានជំនាញពេទ្យខ្លះ គួបផ្សំនិងភាសារផង លោកបានចូលធ្វើការជាមួយពេទ្យអាល្លឺម៉ង់ ។ លុះក្រោយមក មានសមាហរណកម្ម លោកក៏បានមករស់នៅរាជធានីភ្នំពេញវិញ ដោយធ្វើជាពេទ្យយោធាដដែលរហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០១៩ ដោយបានឋាន្តរស័ក្ក ឧត្តមសេនីយ៍ត្រី។
លោកបានបន្តថា ដោយសារការចូលនិវត្តន៍ លោកបានមករស់នៅជាមួយកូន នៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយក៏បានជួយព្យាបាលជូនប្រជាពលរដ្ឋទូទៅ ដោយគិតតែតម្លៃថ្នាំតែប៉ុណ្ណោះ ។ ដោយសារតែការព្យាបាលមានតម្លៃទាបនេះបែបនេះហើយធ្វើឲ្យជីវភាពរបស់គាត់មិនធូរធារណាស់ណាទេ ពេលខ្លះជួបការខ្វះខាតជីវភាពធ្ងន់ធ្ងរផងដែរ មិនដូចគ្រូពេទ្យឯទៀត ។ ដោយហេតុនេះហើយលោកក៏បានសំណូមពរដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់គ្រួសារគាត់ផង ដើម្បីឲ្យគាត់បន្តការជួយសង្គ្រោះព្យាបាលជំងឺក្នុងតម្លៃថោកជូនប្រជាពលរដ្ឋជាបន្តទៀត ។
អតីតគ្រូពេទ្យយោធារូបនោះ បានអះអាងថា អ្វីដែលលោកជំនាញជាងគេ គឺលោកបានរកឃើញថ្នាំព្យាបាលមហារីកឈាម ដែលខ្មែរយើងនិយមហៅថាឈាម.សស៊ីឈាមក្រហម ឱ្យជាសះស្បើយទៀតផង ដែលជម្ងឺនេះជាទូទៅមិន មិនអាចព្យាបាលជាស្បះស្បើយនោះទេ ។
អតីតគ្រូពេទ្យយោធារូបនេះក៏បានសំណូមពរដល់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តឲ្យរូបគាត់ផលិតថ្នាំដែលគាត់រកឃើញសម្រាប់ការព្យាបាលឈាម.សស៊ីឈាមក្រហម នេះសម្រាប់ការព្យាបាលទូទៅក្នុងប្រទេស និង ដើម្បីឱ្យប្រទេសយើងបានល្បីល្បាញ ដែលអាចផលិតថ្នាំព្យាបាលជម្ងឺ (Leukemia) និង(Chronic Myeloi Leukemia) មហារីកឈាម ឬ ឈាមស ស៊ីឈាម ក្រហមនេះផង ។
ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរបានចុះទៅពិនិត្យដល់ទីតាំងលោកគ្រូពេទ្យយោធារូបនោះម្តងហើយ គឺគ្មានឯកសារឬក៏សញ្ញាបត្រគ្រូពេទ្យអីនោះទេ ដោយហេតុនេះហើយ ខាងមន្ទីរបានបានបិទកន្លែងព្យាបាលរបស់គាត់តាំងពីអំឡុងឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ននេះគាត់នៅតែបន្តលួចព្យាបាលបែបនេះទៅ ។ ប៉ុន្តែថ្មីៗនេះ ឃើញមានការបង្ហោះហ្វេសប៊ុកបែបនេះទៀត មិនគួរមានការបង្ហោះផ្តេសផ្តាសបែបនេះឡើយ៕ ប្រភព កោះសន្ដិភាព