រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខណៈកំពុងពីធ្វើសកម្មភាពគាស់តូបជាងទងប៉ងចូលលួចទ្រព្យសម្បតិ្ត ត្រូវម្ចាស់តូបមកទាន់ ក៏ចាប់អូសកមកប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះសឿន សាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងមានស្រុកកំណើតភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ចំណែកម្ចាស់តូបជាងទង មានឈ្មោះ ធិ វិញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងទង មានទីលំនៅបុរីធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន ព្រោះតែរូបគេ គ្មានប្រាក់ឲ្យថ្លៃផ្ទះជួលមិនបាន តែស៊យអី ពេលកំពុងធ្វើសកម្មភាព ស្រាប់តែម្ចាស់គេមកទាន់ ក៏ចាប់ក្របួចរូបគេ យកមកប្រគល់ឲ្យប៉ូលិសតែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ kbn