មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ការផាកពិន័យចំពោះរថយន្តមិនបានត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬមកបន្តសុពលភាពនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី ម៉ែន ច័ន្ទកុសល ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងតាមរយៈបណ្ដាញសង្គម Telegramថា ការផាកពិន័យចំពោះរថយន្តដែលខកខានមកត្រួតពិនិត្យបច្ចេកទេស នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។
ក្រសួងបានជូនដំណឹងកាលពីថ្ងៃទី៨ ខែមីនា កន្លងមកដោយលើកលែងការពិន័យចំពោះភាពយឺតយ៉ាវក្នុងការយករថយន្តមកត្រួតពិនិត្យបច្ចេកទេស។
“ដូច្នេះបច្ចុប្បន្នទាក់ទងនឹងការហួសឆៀក យើងអត់ពិន័យទេ ប៉ុន្តែចាប់ពីថ្ងៃទី១ ខែកក្កដា ខាងយើងនឹងពិន័យទៅលើការយឺតយ៉ាវដែលមកអត់ធ្វើឆៀក ឬមកបន្តសុពលភាពឆៀក ហើយខាងក្រសួងបានជូនដំណឹងរួចហើយ”។ លោកស្រី ម៉ែន ច័ន្ទកុសល បន្ថែម។
បន្ទាប់ពីមានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ ម្ចាស់យានយន្តជាច្រើនបានសម្រុក យករថយន្តរបស់ខ្លួនមកត្រួតពិនិត្យបច្ចេកទេស ដែលបណ្ដាលឱ្យមានការកកស្ទះនៅតាមទីតាំងជាច្រើនស្ទើរទូទាំងប្រទេស៕ ប្រភព៖ កម្ពុជាថ្មី