កណ្តាល ៖ រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានដាក់កញ្ចប់ថវិកា៥០លានដុល្លារ លើវិស័យកសិកម្មដូចជា ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំដុះបន្លែបង្ការជាដើម ក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល បាននឹងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
នេះជាប្រសាសន៍លើកឡើងរបស់ លោក កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងឱកាសចូលរួមធ្វើបទបង្ហាញ លទ្ធភាពឥណទានអត្រាការប្រាក់ទាប ឲ្យដល់កសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្តកណ្តាល ប្រមាណជាង៥០០នាក់ នៅសាលាខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះលោក កៅ ថាច បានប្រកាសជូនដំណឹង ដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាស ធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យ កសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងតែ សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម លើវិស័យស្រូវអង្ករ ដែលមានតម្រូវការ ឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទាក់ទងព័ត៌មានបន្ថែម តាមរយៈ ទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩,០១២ ៧០៦ ៦៣៦, ០៩៩ ៧១០ ៧៨៩។
នាឱកាសនោះដែរ លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានស្នើឲ្យ កសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យម រៀបផែនការឲ្យបាន ច្បាស់លាស់លើការដាំដុះ ការចិញ្ចឹម និងការផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារ ឲ្យបានតាមតម្រូវការ ដោយជៀសវាងការដាំដុះ ឬផលិតលើសតម្រូវការ ជាហេតុធ្វើឲ្យតម្លៃធ្លាក់ចុះ។
លោកអភិបាលខេត្ត បញ្ជាក់ថា គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មកធ្វើបទបង្ហាញនាពេលនេះ គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះចំនួន៦ ភាគរយប្រចាំឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦,៥ភាគរយ ប្រចាំឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទានពីកម្មវិធី ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ក្នុងបទបង្ហាញនោះ ក៏មានរៀបចំសំណូមពរ និងវេទិកាសំនួរ-ចម្លើយ រវាងប្រជាកសិករ តំណាងសហគមន៍ និងតំណាង ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្មផងដែរ៕ ប្រភព៖ កម្ពុជាថ្មី